សូមទ្រង់ព្រះមេត្តាប្រោស យ៉ាងហ្នឹងហើយ។ សត្វពាហនៈ ២ពួកណា គឺដំរីគួរទូន្មាន សេះគួរទូន្មាន ឬគោគួរទូន្មាន ដែលគេមិនទាន់បានទូន្មាននៅឡើយ១ ទូន្មានមិនទាន់បាន១ ចុះសត្វពាហនៈ ដែលគេមិនទាន់បានទូន្មាននៅឡើយនោះ តើនឹងលុះតាមដម្បូន្មានដែរឬ កាលបើមិនបានទូន្មានហើយ តើនឹងដល់ថ្នាក់ ដែលគេធ្លាប់ទូន្មាន ដូចសត្វសត្វពាហនៈ ២ពួក គឺដំរីគួរទូន្មាន សេះគួរទូន្មាន ឬគោគួរទូន្មាន ដែលគេកំពុងទូន្មានជិតបានល្អ និងដែលគេទូន្មានបានល្អហើយនោះ ដែរឬទេ។ សូមទ្រង់ព្រះមេត្តាប្រោស មិនដូច្នោះទេ។ ម្នាលអគ្គិវេស្សនៈ សេចក្តីនេះ មានឧបមេយ្យដូចជា ជយសេនរាជកុមារ ដែលកំពុងនៅក្នុងកណ្តាលកាម កំពុងបរិភោគកាម កំពុងទំពាស៊ីកាមវិតក្កៈ កំពុងរោលរាល ដោយសេចក្តីក្រហល់ក្រហាយ ព្រោះកាម ជាអ្នកខ្វល់ខ្វាយ ដើម្បីស្វែងរកកាម នឹងដឹង នឹងយល់ នឹងធ្វើឲ្យជាក់ច្បាស់ នូវគុណជាត ដែលបុគ្គលគប្បីដឹង ដោយនេក្ខម្មៈ គប្បីយល់ ដោយនេក្ខម្មៈ គប្បីដល់ ដោយនេក្ខម្មៈ គប្បីធ្វើឲ្យជាក់ច្បាស់ ដោយនេក្ខម្មៈ ដូចម្តេចបាន ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។