កាលនោះទ្រម័កដំរី ក៏មានសេចក្តីត្រិះរិះថា ឥឡូវនេះ ដំរីព្រៃមុខជានឹងរស់មិនខាន។ ទ្រម័កដំរី ក៏បង្ហាត់ដំរីនោះ តទៅទៀតថា នែដំរីដ៏ចម្រើន ចូរឯងកាន់ នែដំរីដ៏ចម្រើន ចូរឯងដាក់។ ម្នាលអគ្គិវេស្សនៈ បើដំរីព្រះរាជទ្រព្យ ធ្វើតាមពាក្យ ធ្វើតាមឱវាទ របស់ទ្រម័កដំរី ក្នុងការកាន់យក និងការដាក់ហើយ។ ទ្រម័កដំរី ក៏បង្ហាត់តទៅទៀតថា នែដំរីដ៏ចម្រើន ចូរឯងឈានទៅមុខ នែដំរីដ៏ចម្រើន ចូរឯងថយក្រោយ។ ម្នាលអគ្គិវេស្សនៈ កាលណាបើ ដំរីព្រះរាជទ្រព្យ ធ្វើតាមពាក្យ ធ្វើតាមឱវាទ របស់ទ្រម័កដំរី ក្នុងការឈានទៅមុខ និងការថយក្រោយហើយ។ ទ្រម័កដំរី ក៏បង្ហាត់ដំរីនោះ តទៅទៀតថា នែដំរីដ៏ចម្រើន ចូរឯងក្រោកឡើង នែដំរីដ៏ចម្រើន ចូរឯងទ្រោមចុះ។ ម្នាលអគ្គិវេស្សនៈ កាលណាបើដំរីព្រះរាជទ្រព្យធ្វើតាមពាក្យ ធ្វើតាមឱវាទ របស់ទ្រម័កដំរី ក្នុងការក្រោកឡើង និងការទ្រោមចុះហើយ។ ទ្រម័កដំរី ក៏បង្ហាត់ដំរីនោះ