[៦៥] ម្នាលអគ្គិវេស្សនៈ ដូចទ្រម័កដំរី ដែលដាំសសរធំទៅក្នុងផែនដី ហើយចងក្រៀកដំរីព្រៃត្រង់ក ដើម្បីញាំញី នូវទម្លាប់របស់ពួកដំរីព្រៃផង ដើម្បីញាំញីនូវតម្រិះ ជាគ្រឿងស្ទុះទៅ របស់ពួកដំរីព្រៃផង ញាំញីនូវសេចក្តីក្រវល់ក្រវាយ សេចក្តីនឿយហត់ សេចក្តីក្តៅក្រហាយ របស់ពួកដំរីព្រៃផង ដើម្បីញ៉ាំងដំរីព្រៃ ឲ្យត្រេកអរ ចំពោះស្រុកផង ដើម្បីកាន់យកសណ្តាប់ធ្នាប់ ដែលជាទីស្រឡាញ់ របស់មនុស្សផង សេចក្តីនេះ មានឧបមាដូចម្តេចមិញ ម្នាលអគ្គិវេស្សនៈ មានឧបមេយ្យដូចជា អរិយសាវ័ក ដែលចងក្រៀកចិត្ត ភ្ជាប់នឹងសតិប្បដ្ឋាន ទាំង៤នេះ ដើម្បីញាំញីនូវទម្លាប់ ដែលអាស្រ័យនឹងបញ្ចកាមគុណផង ដើម្បីញាំញីតម្រិះ ជាគ្រឿងស្ទុះទៅ ដែលអាស្រ័យនឹងបញ្ចកាមគុណផង ដើម្បីញាំញី នូវសេចក្តីក្រវល់ក្រវាយ សេចក្តីនឿយហត់ សេចក្តីក្តៅក្រហាយ ដែលអាស្រ័យនឹងបញ្ចកាមគុណផង ដើម្បីត្រាស់ដឹង នូវអដ្ឋង្គិកមគ្គ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន។