មួយទៀត បើមិនធ្វើនូវបំណង មិនមែនជាមិនធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ដោយមិនត្រូវទំនង ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលដែរ មួយទៀត បើធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ដោយត្រូវទំនង ទើបគួរដើម្បីត្រាស់ដឹងនូវផលបាន មួយទៀត បើមិនធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ដោយត្រូវទំនង ក៏គួរដើម្បីត្រាស់ដឹងនូវផលដែរ មួយទៀត បើធ្វើនូវបំណងខ្លះ មិនធ្វើនូវបំណងខ្លះ ហើយប្រព្រឹត្តព្រហ្មចរិយៈ ដោយត្រូវទំនង ក៏គួរដើម្បីត្រាស់ដឹងនូវផលដែរ មួយវិញទៀត បើមិនធ្វើនូវបំណង មិនមែនជាមិនធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ដោយត្រូវទំនង ក៏គួរដើម្បីត្រាស់ដឹងនូវផលដែរ បពិត្រព្រះរាជកុមារ ឯដំណើរនុ៎ះ អាត្មាភាព ពុំដែលបានស្តាប់មក ក្នុងទីចំពោះព្រះភក្ត្រ ឬបានទទួលមក អំពីទីចំពោះព្រះភក្ត្រ នៃព្រះមានព្រះភាគទេ ប៉ុន្តែបើហេតុការនុ៎ះមាន ប្រាកដជាព្រះមានព្រះភាគ នឹងទ្រង់ដោះស្រាយ យ៉ាងនេះឯង។ បើព្រះជាគ្រូ របស់ព្រះភូមិជៈដ៏ចម្រើន មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះ បានពោលយ៉ាងនេះមែន ព្រះជាគ្រូ របស់ព្រះភូមិជៈដ៏ចម្រើន ហាក់ដូចជាសំពងអំបែងក្បាល នៃពួកសមណព្រាហ្មណ៍ជាច្រើនទាំងអស់ដោយពិត។ គ្រានោះ ជយសេនរាជកុមារ ក៏អង្គាសព្រះភូមិជៈមានអាយុ ដោយសម្រាប់របស់ខ្លួន។