ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលទេ មួយទៀត បើមិនធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលដែរ មួយទៀត បើធ្វើនូវបំណងខ្លះ មិនធ្វើនូវបំណងខ្លះ ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលដែរ មួយទៀត បើមិនធ្វើនូវបំណង មិនមែនជាមិនធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលដែរ ចុះក្នុងសាសនានេះ ព្រះជាគ្រូ របស់ព្រះភូមិជៈដ៏ចម្រើន តើមានវាទៈដូចម្តេច មានទិដ្ឋិដូចម្តេច បានពោលដូចម្តេច។ បពិត្រព្រះអង្គដ៏ចម្រើន កាលបើជយសេនរាជកុមារ ទ្រង់សួរយ៉ាងនេះហើយ ខ្ញុំព្រះអង្គ ក៏ពោលតបទៅនឹងជយសេនរាជកុមារ ដូច្នេះថា ថ្វាយព្រះពរ ព្រះរាជកុមារ ឯដំណើរនុ៎ះ អាត្មាភាព មិនដែលបានស្តាប់ ក្នុងទីចំពោះព្រះភក្ត្រ ឬបានទទួលមក អំពីទីចំពោះព្រះភក្ត្រ នៃព្រះមានព្រះភាគទេ ប៉ុន្តែបើហេតុការនុ៎ះមាន ប្រាកដជាព្រះមានព្រះភាគ នឹងទ្រង់ដោះស្រាយយ៉ាងនេះថា បើបុគ្គលធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ដោយមិនត្រូវទំនង ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលឡើយ មួយទៀត បើមិនធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ដោយមិនត្រូវទំនង ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលដែរ មួយទៀត បើធ្វើនូវបំណងខ្លះ មិនធ្វើនូវបំណងខ្លះ