សេចក្តីក្រវល់ក្រវាយទាំងឡាយណា នៅមាន ព្រោះអាស្រ័យអាកិញ្ចញ្ចាយតនសញ្ញា សេចក្តីក្រវល់ក្រវាយទាំងនោះ មិនមានក្នុងទីនេះទេ តែសេចក្តីក្រវល់ក្រវាយនេះ បែរជានៅមាន គឺនៅមានសភាវៈមួយ ព្រោះអាស្រ័យនេវសញ្ញានាសញ្ញាយតនសញ្ញា។ ភិក្ខុនោះដឹងច្បាស់ថា ទីនេះ ដល់នូវសេចក្តីសំគាល់ថាសូន្យ ចាកវិញ្ញាណញ្ចាយតនសញ្ញា ដឹងច្បាស់ថា ទីនេះ ដល់នូវសេចក្តីសំគាល់ថាសូន្យ ចាកអាកិញ្ចញ្ញាយតនសញ្ញា។ តែទីនេះ មិនឈ្មោះថាសូន្យទេ គឺនៅមានសភាវៈមួយ ព្រោះអាស្រ័យនេវសញ្ញានាសញ្ញាយតនសញ្ញា។ ព្រោះហេតុនោះ បើសេចក្តីក្រវល់ក្រវាយណា មិនមានក្នុងទីនោះ ភិក្ខុពិចារណា ឃើញនូវសេចក្តីក្រវល់ក្រវាយនោះ ត្រង់ទីនោះ ថាជារបស់សូន្យ បើសេចក្តីក្រវល់ក្រវាយណា នៅមានសល់ត្រង់ទីនោះ ភិក្ខុក៏ដឹងច្បាស់ថា សេចក្តីក្រវល់ក្រវាយ ដែលនៅមាននោះថា សេចក្តីក្រវល់ក្រវាយនេះ នៅមាន។ ម្នាលអាននន្ទ ភិក្ខុនោះឯង ឈ្មោះថា មានការកើតឡើង នៃសេចក្តីសូន្យនុ៎ះ ដែលជារបស់ពិត មិនប្រែប្រួល បរិសុទ្ធស្អាត យ៉ាងនេះខ្លះ។