អ្នក​ចូរ​បំភ្លឺ​ ​នូវ​សេចក្តី​នោះ​ ​ក្នុង​ប្រស្នា​នុ៎ះ​មក​មើល​ ​បើ​អ្នក​ ​(​សំដែង​)​ ​នឹង​មិន​មាន​សេចក្តី​ខុស​ភ្លាត់​ ​ក្នុង​ប្រស្នា​នេះ​ឡើយ​។​ ​បពិត្រ​លោក​ដ៏​ចម្រើន​ ​ខ្ញុំ​មាន​សេចក្តី​ចូលចិត្ត​ ​យ៉ាងនេះ​ថា​ ​អប្បមាណ​ចេ​តោ​វិមុត្តិ​ណា​ក្តី​ ​មហ​គ្គ​ត​ចេ​តោ​វិមុត្តិ​ណា​ក្តី​ ​ធម៌​ទាំងពីរ​នេះ​ ​មាន​អត្ថ​ដូចគ្នា​ ​ផ្សេងគ្នា​តែ​ព្យញ្ជនៈ​។​
 [​៩០​]​ ​ម្នាល​គហបតី​ ​អប្បមាណ​ចេ​តោ​វិមុត្តិ​ណា​ក្តី​ ​មហ​គ្គ​ត​ចេ​តោ​វិមុត្តិ​ណា​ក្តី​ ​ធម៌​ទាំងពីរ​នេះ​ ​មាន​អត្ថ​ផ្សេងគ្នា​ផង​ ​មាន​ព្យញ្ជនៈ​ផ្សេងគ្នា​ផង​ ​ម្នាល​គហបតី​ ​សេចក្តី​នោះ​ ​អ្នក​គប្បី​ដឹង​ ​ដោយ​បរិយាយ​នេះ​ចុះ​ ​ថា​ ​តាមពិត​ ​ធម៌​ទាំងពីរ​នេះ​ ​មាន​អត្ថ​ផ្សេងគ្នា​ផង​ ​មាន​ព្យញ្ជនៈ​ផ្សេងគ្នា​ផង​។​ ​ម្នាល​គហបតី​ ​អប្បមាណ​ចេ​តោ​វិមុត្តិ​ ​តើ​ដូចម្តេច​។​ ​ម្នាល​គហបតី​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មានចិត្ត​ប្រកបដោយ​មេត្តា​ ​ផ្សាយ​ទៅកាន់​ទិសទី១​ ​ផ្សាយ​ទៅកាន់​ទិសទី២​ ​ទី៣​ ​ទី៤​ ​ដូចគ្នា​ ​សូម្បី​ក្នុង​ទិស​ខាងលើ​ ​ទិស​ខាងក្រោម​ ​និង​ទិស​ទទឹង​ ​ក៏​ជា​អ្នកមាន​ចិត្ត​ប្រកបដោយ​មេត្តា​ ​ជា​ចិត្តធំ​ទូលាយ​ ​ប្រមាណ​មិនបាន​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ផ្សាយ​ទៅកាន់​សត្វលោក​ទាំងពួង​ ​ដោយ​ការ​យក​ខ្លួនឯង​ ​ទៅ​ប្រៀបផ្ទឹម​នឹង​សត្វ​ទាំងពួង​ ​ក្នុង​ទី​ទាំងពួង​។​
ថយ | ទំព័រទី ១១១ | បន្ទាប់