[១៧០] ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិតនោះ បើអំណឹះកាលយូរអង្វែងទៅម្តងៗ ក៏មកកាន់អត្តភាពជាមនុស្ស ក្នុងកាលជាខាងក្រោយ តែងកើតក្នុងត្រកូលខ្ពស់ គឺត្រកូលខត្តិយមហាសាលខ្លះ ត្រកូលព្រាហ្មណមហាសាលខ្លះ ត្រកូលគហបតីមហាសាលខ្លះ ជាត្រកូលស្តុកស្តម្ភ មាំមួន មានទ្រព្យច្រើន មានគ្រឿងប្រើប្រាស់ច្រើន មានប្រាក់មាសច្រើន មានគ្រឿងឧបករណ៍ច្រើន មានធញ្ញជាតជាទ្រព្យច្រើន។ មួយទៀត ជនជាបណ្ឌិតនោះ មានរូបល្អ គួរពិតពិលរមិលមើល គួរជ្រះថ្លា ប្រកបដោយសម្បុរល្អ ដ៏ក្រៃលែង ជាអ្នកបានបាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាបផ្សេងៗ ទីដេក ទីនៅអាស្រ័យ និងគ្រឿងប្រទីប។ ជនជាបណ្ឌិតនោះ តែងប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត។ លុះជនជាបណ្ឌិតនោះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត ហើយដល់បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក។