ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ចាប់បុរសនោះ យកជើងឡើងលើ យកក្បាលចុះក្រោម ហើយទម្លាក់ទៅក្នុងខ្ទះទង់ដែងដ៏ក្តៅ ដែលភ្លើងកំពុងឆេះក្តៅសព្វ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ។ បុរសនោះ ក៏ឆេះនឹងកំសួលពពុះ ក្នុងខ្ទះទង់ដែងនោះ។ កាលបុរសនោះ ឆេះនឹងកំសួលពពុះ ក្នុងខ្ទះទង់ដែងនោះ ចួនកាលអណ្តែតឡើងលើម្តង ចួនកាលលិចចុះក្រោមម្តង ចួនកាលអណ្តែតទៅទទឹងម្តង។ បុរសនោះ រងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សា ក្នុងខ្ទះទង់ដែងនោះ បើបាបកម្មនោះ មិនទាន់អស់ត្រឹមណា ក៏មិនទាន់ស្លាប់ត្រឹមនោះ។
[១៨២] ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ក៏បោះបុរសនោះ ទៅក្នុងមហានរក(១) ។ ម្នាលភិក្ខុទាំងឡាយ មហានរក នោះសោត
[១៨២] ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ក៏បោះបុរសនោះ ទៅក្នុងមហានរក(១) ។ ម្នាលភិក្ខុទាំងឡាយ មហានរក នោះសោត
មានជ្រុងបួន មានទ្វារបួន បែងចែកដោយចំណែកៗ មានរបងដែកព័ទ្ធព័ន្ធជុំវិញ គ្របដោយគម្របដែក។
(១) ប្រែថា នរកធំឈ្មោះ អវចី ៗសព្ទនេះ ប្រែថា ទីគ្មានចន្លោះ គឺនរកនោះ គ្មានចន្លោះអណ្តាតភ្លើង គ្មានចន្លោះសត្វ គ្មានចន្លោះសេចក្តីទុក្ខ គឺពាសពេញដោយភ្លើង ពេញដោយសត្វនរក ៗរងទុក្ខឥតមានល្ហែ។ ទំហំអវចីមហានរកនោះ ខាងបណ្តោយ និងទទឹង ៩០០យោជន៍ ដូចគ្នា កំពស់ជញ្ជាំងមួយៗ ៩យោជន៍ ឯផ្ទៃផែនដី ខាងក្រោម ក្រាលដោយលោហៈ ដំបូលក៏ប្រក់ដោយលោហៈ។ អដ្ឋកថា។