[១៧] ម្នាលអានន្ទ កាមគុណនេះ មាន៥ប្រការ កាមគុណ ៥ប្រការ គឺអ្វីខ្លះ រូបទាំងឡាយ ដែលបុគ្គលដឹងដោយភ្នែក ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរឲ្យកើតតម្រេក១ សំឡេងទាំងឡាយ ដែលបុគ្គលដឹងដោយត្រចៀក...១ ក្លិនទាំងឡាយ ដែលបុគ្គលដឹងដោយច្រមុះ...១ រសទាំងឡាយ ដែលបុគ្គលដឹងដោយអណ្តាត...១ ផោដ្ឋព្វៈទាំងឡាយ ដែលបុគ្គលដឹងដោយកាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរឲ្យកើតតម្រេក១ ម្នាលអានន្ទ កាមគុណ៥ប្រការនេះឯង។ ភិក្ខុត្រូវពិចារណាចិត្តរបស់ខ្លួន ឲ្យរឿយៗថា បណ្តាកាមគុណ ទាំង៥នេះ សេចក្តីជ្រួលច្រាល់ចិត្ត នៃអាត្មាអញ កើតឡើង ក្នុងហេតុជាទីកើតនៃកិលេស ចំពោះកាមគុណណាមួយ មានដែរឬទេ។ ម្នាលអានន្ទ បើភិក្ខុពិចារណាទៅ ដឹងយ៉ាងនេះថា បណ្តាកាមគុណ ទាំង៥នេះ សេចក្តីជ្រួលច្រាល់នៃចិត្តរបស់អាត្មាអញ កើតឡើង ក្នុងហេតុជាទីកើតនៃកិលេស ចំពោះកាមគុណណាមួយ។ ម្នាលអានន្ទ កាលបើមានហេតុយ៉ាងនេះ ភិក្ខុគង់ដឹងយ៉ាងនេះថា តម្រេកណា ដែលកើតក្នុងកាមគុណ ទាំង៥នេះ តម្រេកនោះ អាត្មាអញ មិនទាន់លះបង់បានទេ។