សឡាយតនវិភង្គសូត្រ ទី៧
[៩២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយ ក្នុងទីនោះឯងថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែង សឡាយតនវិភង្គ (ចំណែកអាយតនៈទាំង៦) ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ប្រុងស្តាប់ នូវសឡាយតនវិភង្គនោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ ក៏ទទួលស្តាប់ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។
[៩៣] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា បុគ្គលគប្បីដឹងអាយតនៈខាងក្នុង ៦ គប្បីដឹងអាយតនៈខាងក្រៅ ៦ គប្បីដឹងកងនៃវិញ្ញាណ ៦ គប្បីដឹងកងនៃផស្សៈ៦ គប្បីដឹង មនោបវិចារៈ (សេចក្តីពិចារណានៃចិត្ត) ១៨ គប្បីដឹង សត្តបទ (ចំណែកនៃសត្វដែលអាស្រ័យនូវវដ្តៈ និងវិវដ្តៈ) ៣៦ បណ្តាធម៌ទាំងនោះ អ្នកទាំងឡាយ ចូរអាស្រ័យនូវធម៌នេះ ហើយលះបង់ធម៌នេះចេញ ឯសតិប្បដ្ឋាន មាន៣ប្រការ ជាធម៌ដែលសាស្តាដ៏ប្រសើរ តែងសេព កាលសាស្តាដ៏ប្រសើរសេពហើយ