[១៦៤] ម្នាលភិក្ខុ សុខវេទនាដែលកើតឡើង ព្រោះអាស្រ័យផស្សៈ ជាហេតុនៃសុខវេទនា។ បុគ្គលនោះ កាលដែលទទួលនូវសុខវេទនា រមែងដឹងច្បាស់ថា អាត្មាអញ ទទួលនូវសុខវេទនា រមែងដឹងច្បាស់ថា វេទនាណា ដែលកើតអំពីផស្សៈនោះ គឺសុខវេទនា ដែលកើតឡើង ព្រោះអាស្រ័យនូវផស្សៈ ដែលជាហេតុនៃសុខវេទនា វេទនានោះ ក៏រលត់ទៅ វេទនានោះ ក៏ស្ងប់រម្ងាប់ ព្រោះការរលត់នៃផស្សៈ ដែលជាហេតុ នៃសុខវេទនានោះឯង។ ម្នាលភិក្ខុ ទុក្ខវេទនា តែងកើតឡើង ព្រោះអាស្រ័យផស្សៈជាហេតុ នៃទុក្ខវេទនា។ បុគ្គលនោះ កាលទទួលនូវទុក្ខវេទនា រមែងដឹងច្បាស់ថា អាត្មាអញ ទទួលទុក្ខវេទនា រមែងដឹងច្បាស់ថា វេទនាណា ដែលកើតអំពីផស្សៈនោះ គឺទុក្ខវេទនា ដែលកើតឡើង ព្រោះអាស្រ័យនូវផស្សៈ ដែលជាហេតុ នៃទុក្ខវេទនា វេទនានោះ ក៏រលត់ទៅ វេទនានោះ ក៏ស្ងប់រម្ងាប់ ព្រោះការរលត់នៃផស្សៈ ដែលជាហេតុនៃទុក្ខវេទនានោះឯង។ ម្នាលភិក្ខុ អទុក្ខមសុខវេទនា តែងកើតឡើង ព្រោះអាស្រ័យផស្សៈ ជាហេតុនៃអទុក្ខមសុខវេទនា។