បពិត្រ​ភិក្ខុ​ ​ចុះលោក​ចាំ​នូវ​គាថា​ ​មាន​រាត្រី​មួយ​ដ៏​ចម្រើន​ឬទេ​។​ ​ខ្ញុំ​ព្រះអង្គ​តប​ថា​ ​ម្នាល​អាវុសោ​ ​អាត្មា​មិន​ចាំ​នូវ​គាថា​មាន​រាត្រី​មួយ​ដ៏​ចម្រើន​ទេ​ ​ម្នាល​អាវុសោ​ ​ចុះ​អ្នកចាំ​នូវ​គាថា​មាន​រាត្រី​មួយ​ដ៏​ចម្រើន​ឬទេ​។​ ​ទេវតា​តប​ថា​ ​បពិត្រ​ភិក្ខុ​ ​ខ្ញុំករុណា​ ​ក៏​មិន​ចាំ​នូវ​គាថា​មាន​រាត្រី​មួយ​ដ៏​ចម្រើន​ដែរ​ ​បពិត្រ​ភិក្ខុ​ ​ចូរ​លោក​រៀន​យក​ ​នូវ​ឧទ្ទេស​ ​និង​វិភង្គ​ ​របស់​បុគ្គល​មាន​រាត្រី​មួយ​ដ៏​ចម្រើន​ ​បពិត្រ​ភិក្ខុ​ ​ចូរ​លោក​ទន្ទេញ​ ​នូវ​ឧទ្ទេស​ ​និង​វិភង្គ​ ​របស់​បុគ្គល​ ​មាន​រាត្រី​មួយ​ដ៏​ចម្រើន​ ​បពិត្រ​ភិក្ខុ​ ​ចូរ​លោក​ចាំទុក​ ​នូវ​ឧទ្ទេស​ ​និង​វិភង្គ​ ​របស់​បុគ្គល​ ​មាន​រាត្រី​មួយ​ដ៏​ចម្រើន​ ​បពិត្រ​ភិក្ខុ​ ​ព្រោះថា​ឧទ្ទេស​ ​និង​វិភង្គ​ ​របស់​បុគ្គល​មាន​រាត្រី​មួយ​ដ៏​ចម្រើន​ ​ជា​ធម៌​ប្រកបដោយ​ប្រយោជន៍​ ​ជា​ខាងដើម​នៃ​ព្រហ្មចារ្យ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ទេវតា​នោះ​ ​បាន​ពោល​ពាក្យ​នេះ​ ​លុះ​ពោល​ពាក្យ​នេះ​ហើយ​ ​ក៏​បាត់​ក្នុង​ទីនោះ​ទៅ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​សូម​ព្រះអង្គ​ ​ទ្រង់​សំដែង​នូវ​ឧទ្ទេស​ ​និង​វិភង្គ​ ​របស់​បុគ្គល​ ​មាន​រាត្រី​មួយ​ដ៏​ចម្រើន​ ​ដល់​ខ្ញុំ​ព្រះអង្គ​។​ ​ព្រះអង្គ​ក៏​ទ្រង់​ត្រាស់​ថា​ ​ម្នា​ក​ភិក្ខុ​ ​បើ​ដូច្នោះ​ ​អ្នក​ចូរ​ស្តាប់​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ឲ្យ​ប្រពៃ​ចុះ​ ​តថាគត​ ​នឹង​សំដែង​ប្រាប់​។​ ​ព្រះ​សមិទ្ធិ​មាន​អាយុ​ ​បាន​ទទួល​ព្រះពុទ្ធដីកា​ ​នៃ​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​
ថយ | ទំព័រទី ២២ | បន្ទាប់