ពួកជនណា មានចិត្តជ្រះថ្លា ឲ្យនូវបាយនោះ ដោយសទ្ធា បាយនោះឯង រមែងទៅតាមនូវពួកជននោះ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង ព្រោះហេតុនោះ បុគ្គល គប្បីបន្ទោបង់ នូវសេចក្តីកំណាញ់ គ្របសង្កត់នូវមន្ទិល គឺសេចក្តីកំណាញ់ ហើយឲ្យនូវទាន (ព្រោះ) បុណ្យទាំងឡាយ រមែងជាទីពឹងរបស់ពួកសត្វ ក្នុងលោកខាងមុខ។
[២៨៧] បពិត្រព្រះអង្គដ៏ចំរើន ពីព្រេងនាយមក ខ្ញុំព្រះអង្គកើតជាស្តេច នាមថា សេរី ជាទាយក (អ្នកឲ្យទាន) ជាម្ចាស់នៃទាន ជាអ្នកពោលសរសើរទានជាប្រក្រតី។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានឲ្យទាន ដល់សមណព្រាហ្មណ៍ អ្នកកំសត់ អ្នកដើរផ្លូវឆ្ងាយ អ្នកពណ៌នាហើយសូម និងស្មូមទាំងឡាយ ទៀបទ្វារទាំង៤។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ អគ្គមហេសី ចូលមករកខ្ញុំព្រះអង្គ ហើយពោលពាក្យដូច្នេះថា ព្រះសម្មតិទេព បានឲ្យទានហើយ ពួកយើងមិនទាន់បានឲ្យទានទេ សូមព្រះរាជានុញ្ញាត ឲ្យពួកយើងបានឲ្យទាន ធ្វើបុណ្យអាស្រ័យនឹងព្រះសម្មតិទេពផង។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា អាត្មាអញ ជាទាយក ជាម្ចាស់នៃទាន