[៤៣៤] ព្រះសម្ពុទ្ធ ទ្រង់ត្រាស់ថា តថាគត រួចចាកអន្ទាក់ទាំងអស់ហើយ ទោះជារបស់ទេវតាក្តី ជារបស់មនុស្សក្តី តថាគត រួចស្រឡះ ចាកចំណងដ៏មាំហើយ នែមារ ទាំងអ្នកឯង ក៏តថាគត បានកំចាត់ហើយដែរ។
គ្រានោះឯង មារមានចិត្តបាប។បេ។ បាត់ចាកទីនោះទៅ។
សប្បសូត្រ ទី៦
[៤៣៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងទីវាលស្រឡះ ក្នុងវេលារាត្រីងងឹតសូន្យឈឹង។ ចួនជាមានភ្លៀងរលឹមស្រឹបៗ។