កស្សកសូត្រ ទី៩
[៤៧៤] សាវត្ថីនិទាន។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ពន្យល់ពួកភិក្ខុ ឲ្យយល់ជាក់ ឲ្យកាន់តាម ឲ្យកើតសេចក្តីខ្មីឃ្មាត ឲ្យរីករាយ ដោយធម្មីកថា ដែលប្រកបព្រម ដោយព្រះនិព្វាន។ ភិក្ខុទាំងនោះ ក៏ធ្វើឲ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ប្រមូលមកនូវចិត្តទាំងពួង មានសោតប្រសាទផ្ទៀងប្រុងស្តាប់ធម៌។ គ្រានោះឯង មារមានចិត្តបាប មានសេចក្តីត្រិះរិះ យ៉ាងនេះថា សមណគោតមនេះឯង ពន្យល់ភិក្ខុទាំងឡាយ ដោយធម្មីកថា ដែលប្រកបដោយព្រះនិព្វាន។បេ។ បើដូច្នោះ គួរអញចូលទៅរកព្រះសមណគោតមនោះ ដើម្បីធ្វើបញ្ញាចក្ខុឲ្យវិនាស។
[៤៧៥] គ្រានោះឯង មារមានចិត្តបាប និម្មិតខ្លួនឲ្យមានភេទដូចជាអ្នកភ្ជួររាស់ លីនង្គ័លយ៉ាងធំ កាន់ដងជន្លួញយ៉ាងវែង មានសក់កន្ទ្រើង ស្លៀកសំពត់ធ្មៃ មានជើងប្រឡាក់ភក់ ដើរចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏សួរព្រះមានព្រះភាគ ដូច្នេះថា