ក៏សំឡឹងមើលទៅអង្គជាតនាងភិក្ខុនីនោះ។ ទឹកអសុចិក៏ហូរធ្លាក់ពីអង្គជាតរបស់ឧទាយិភិក្ខុនោះ។ លំដាប់នោះ ឧទាយិភិក្ខុដ៏មានអាយុក៏និយាយទៅនឹងភិក្ខុនីនោះថា នែប្អូនស្រី ឯងចូរទៅនាំយកទឹកមក អញនឹងលាងស្បង់។ នាងភិក្ខុនីនោះតបវិញថា លោកម្ចាស់ សូមលោកម្ចាស់ឱ្យស្បង់មកខ្ញុំវិញ ខ្ញុំនឹងលាងប្រគេន។ វេលានោះឯង នាងភិក្ខុនីនោះ ក៏បានយកទឹកអសុចិ របស់ឧទាយិភិក្ខុនោះបន្ដិចដាក់ក្នុងមាត់ យកបន្ដិចដាក់ក្នុងអង្គជាត។ នាងភិក្ខុនីនោះក៏មានគភ៌ដោយសារទឹកអសុចិនោះ។ ពួកនាងភិក្ខុនីក៏បាននិយាយយ៉ាងនេះថា នាងភិក្ខុនីនេះមិនមែនប្រព្រឹត្ដធម៌ដ៏ប្រសើរទេ ទើបបាននាងភិក្ខុនីនេះមានគភ៌។ នាងភិក្ខុនីនោះតបវិញថា ម្នាលនាងទាំងឡាយ ខ្លួនខ្ញុំមិនបានប្រព្រឹត្ដធម៌ដ៏ប្រសើរទេ។ វេលានោះ នាងភិក្ខុនីនោះបានប្រាប់ សេចក្ដីនុ៎ះដល់នាងភិក្ខុនីផងគ្នា។ នាងភិក្ខុនីទាំងឡាយ ក៏លើកទោស តិះដៀល បន្ដុះបង្អាប់ថា មិនសមបើលោកម្ចាស់ឧទាយិ ប្រើនាងភិក្ខុនីឱ្យលាងចីវរចាស់ (របស់ខ្លួនសោះ)។ លំដាប់នោះ ពួកនាងភិក្ខុនីទាំងនោះបានប្រាប់សេចក្ដីនុ៎ះដល់ភិក្ខុទាំងឡាយ។ ពួកភិក្ខុណាដែលមានប្រាថ្នាតិច។បេ។ ពួកភិក្ខុទាំងនោះក៏លើកទោស តិះដៀល បន្ដុះបង្អាប់ថា គួរបើដែរ ឧទាយិដ៏មានអាយុ ប្រើនាងភិក្ខុនីឱ្យលាងចីវរចាស់ ។