ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​កាលនោះ​ ​គោ​ឈ្មោះ​នន្ទិ​វិសាល​បាន​និយាយ​ពាក្យ​នេះ​នឹង​ព្រាហ្មណ៍​នោះ​ថា​ ​បពិត្រ​ព្រាហ្មណ៍​ ​ចូរ​អ្នក​ទៅ​និយាយ​ភ្នាល់​នឹង​សេដ្ឋី​ដាក់​មួយ​ពាន់​កហាបណៈ​ថា​ ​គោ​របស់ខ្ញុំ​នឹង​ទាញ​រទេះ​មួយ​រយ​ ​ដែល​ចងភ្ជាប់​គ្នា​ឱ្យ​រួច​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទើប​ព្រាហ្មណ៍​នោះ​ ​បាន​ភ្នាល់​នឹង​សេដ្ឋី​ដាក់​មួយ​ពាន់​កហាបណៈ​ថា​ ​គោ​របស់ខ្ញុំ​នឹង​ទាញ​រទេះ​ចំនួន​មួយ​រយ​ដែល​ចងភ្ជាប់​គ្នា​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រាហ្មណ៍​នោះ​ចង​រទេះ​មួយ​រយ​ភ្ជាប់គ្នា​ ​រួច​ក៏​ទឹម​គោ​ឈ្មោះ​នន្ទិ​វិសាល​ ​ហើយ​និយាយ​ពាក្យ​នេះ​ថា​ ​នែ​គោ​គៀច​ ​ឯង​ខំ​ទាញ​ទៅ​ ​នែ​គោ​គៀច​ ​ឯង​ខំ​អូស​ទៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលនោះ​ ​គោ​ឈ្មោះ​នន្ទិ​វិសាល​ ​ក៏​ឈរ​ទ្រឹង​ក្នុង​ទី​ ​នោះ​ឯង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​ព្រាហ្មណ៍​នោះ​ក៏​ចាញ់​សេដ្ឋី​អស់​មួយ​ពាន់​កហាបណៈ​ ​ហើយក៏​សុបសៅ​ក្នុង​កាលនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទើប​គោ​នន្ទិ​វិសាល​បាន​និយាយ​ពាក្យ​នេះ​នឹង​ព្រាហ្មណ៍​នោះ​ថា​ ​បពិត្រ​ព្រាហ្មណ៍​ ​ហេតុអ្វី​ក៏​អ្នក​សុបសៅ​។​ ​ព្រាហ្មណ៍​ឆ្លើយ​ថា​ ​នែ​គោ​ដ៏​ចំរើន​ ​បាន​ជា​សុបសៅ​ ​ព្រោះ​អ្នកឯង​ឱ្យ​ខ្ញុំ​ចាញ់​សេដ្ឋី​អស់​មួយ​ពាន់​កហាបណៈ​។​ ​គោ​នន្ទិ​វិសាល​សួរ​ថា​ ​ព្រាហ្មណ៍​ ​ខ្ញុំ​មិនមែន​ជា​សត្វ​គៀច​ ​ចុះ​ហេតុអ្វី​ ​ក៏​អ្នកឯង​ហៅ​ខ្ញុំ​ថា​សត្វ​គៀច​ ​ព្រាហ្មណ៍​ចូរ​អ្នកឯង​ទៅ​ភ្នាល់
ថយ | ទំព័រទី ២៣៨ | បន្ទាប់