តតិយទេវសូត្រ ទី៣
[៣៩១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា ក្នុងមហាវ័ន ទៀបក្រុងវេសាលី។ លំដាប់នោះឯង ស្តេចលិច្ឆវី ព្រះនាម មហលី បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយគង់ក្នុងទីសមគួរ។ លុះស្តេចលិច្ឆវីព្រះនាម មហលី គង់ក្នុងទីសមគួរហើយ ទើបក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ទ្រង់បានឃើញសក្កទេវានមិន្ទដែរឬ។ បពិត្រមហលី តថាគត បានឃើញសក្កទេវានមិន្ទដែរ។ បពិត្រព្រះអង្គដ៏ចំរើន ក្រែងសក្កទេវានមិន្ទ គ្រាន់តែជារូបប្រៀប របស់សក្កៈទេដឹង បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា សក្កទេវានមិន្ទ គេមិនងាយនឹងឃើញទេ។
[៣៩២] ព្រះមានព្រះភាគត្រាស់ថា បពិត្រមហលី តថាគត ស្គាល់ច្បាស់នូវសក្កទេវរាជ ផង នូវធម៌ធ្វើសត្វឲ្យបានជាសក្កៈផង មួយទៀត សក្កទេវរាជ បានដល់នូវភាវៈនៃខ្លួនជាសក្កៈ ព្រោះតែសមាទានធម៌ណា តថាគត ក៏ដឹងច្បាស់ធម៌នោះផង។ បពិត្រមហលី សក្កទេវានមិន្ទ កាលកើតជាមនុស្ស ក្នុងជាតិមុន ជាមាណពឈ្មោះ មឃៈ ហេតុនោះ