អសុរិន្ទកសូត្រ ទី៣
[១១៤] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ អសុរិន្ទកភារទ្វាជព្រាហ្មណ៍ បានឮដំណឹងថា ព្រាហ្មណ៍ភារទ្វាជគោត្រ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ក្នុងសំណាក់ព្រះសមណគោតមហើយ ក៏ក្រោធខឹង អន់ចិត្ត ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ជេរគម្រាមព្រះមានព្រះភាគ ដោយវាចាជាអសប្បុរស ក៏អាក្រក់។ កាលបើអសុរិន្ទកព្រាហ្មណ៍ ជេរយ៉ាងនេះហើយ ព្រះមានព្រះភាគ ក៏នៅតែស្ងៀម។ លំដាប់នោះឯង អសុរិន្ទកភារទ្វាជព្រាហ្មណ៍ បានពោលនឹងព្រះមានព្រះភាគ យ៉ាងនេះថា នែសមណៈ យើងឈ្នះអ្នកឯងហើយ នែសមណៈ យើងឈ្នះអ្នកឯងហើយ។