ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ បានត្រាស់ដឹងដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើវេទនាកើតមាន តណ្ហាក៏កើតមាន តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎កើតមាន ទើបវេទនាកើតមាន វេទនាកើតមាន ព្រោះអ្វីជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ បានត្រាស់ដឹងដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើផស្សៈកើតមាន វេទនាក៏កើតមាន វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎កើតមាន ទើបផស្សៈកើតមាន ផស្សៈកើតមាន ព្រោះអ្វីជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ បានត្រាស់ដឹងដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើសឡាយតនៈកើតមាន ផស្សៈក៏កើតមាន ផស្សៈកើតមាន ព្រោះសឡាយតនៈជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎កើតមាន