ក៏ដឹងច្បាស់ថា វេទនានោះ មិនទៀង ដឹងច្បាស់ថា លោកមិនប្រកាន់ហើយ ដឹងច្បាស់ថា លោកមិនត្រេកអរហើយ។ បើភិក្ខុនោះ ទទួលសុខវេទនា លុះប្រាសចេញហើយ ក៏នៅតែទទួលសុខវេទនានោះ បើភិក្ខុនោះ ទទួលទុក្ខវេទនា លុះប្រាសចេញហើយ ក៏នៅតែទទួលទុក្ខវេទនានោះ បើភិក្ខុនោះ ទទួលអទុក្ខមសុខវេទនា លុះប្រាសចេញហើយ ក៏នៅតែទទួលអទុក្ខមសុខវេទនានោះ។ កាលភិក្ខុនោះ ទទួលវេទនា មានកាយជាទីបំផុត ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលវេទនា មានកាយជាទីបំផុត។ កាលភិក្ខុនោះ ទទួលវេទនា មានជីវិតជាទីបំផុត ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលវេទនា មានជីវិតជាទីបំផុត។ ភិក្ខុនោះ លុះបែកធ្លាយរាងកាយ ខាងលើអំពីកិរិយាអស់ជីវិតទៅ ក៏ដឹងច្បាស់ថា វេទនាទាំងពួង ក្នុងលោកនេះ អាត្មាអញ មិនត្រេកអរទេ នឹងជាវេទនាដ៏ត្រជាក់ នឹងនៅសល់តែសរីរៈប៉ុណ្ណោះ។