លុះដល់សម័យថ្ងៃរសៀល ព្រះរាជាទ្រង់ត្រាស់សួរ យ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន បុរសនោះដូចម្តេចទៅ រាជបុរសក្រាបទូលថា បពិត្រព្រះសម្មតិទេព បុរសនោះ នៅរស់ដដែលទេ ព្រះរាជា ទ្រង់មានព្រះបន្ទូល ចំពោះបុរសនោះ យ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន ចូរអ្នកទាំងឡាយ ទៅប្រហារបុរសនោះ ១០០លំពែង ក្នុងសម័យថ្ងៃរសៀល រាជបុរស ក៏ប្រហារបុរសនោះ ១០០លំពែង ក្នុងសម័យថ្ងៃរសៀល។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ដូចម្តេច កាលបើបុរសនោះ ត្រូវគេប្រហារ ៣០០លំពែង ក្នុងមួយថ្ងៃ នឹងរងទុក្ខទោមនស្ស ព្រោះហេតុតែគេប្រហារនោះដែរឬ ម្នាលភិក្ខុទាំងឡាយ កាលបើបុរសនោះ ត្រូវប្រហារត្រឹម១លំពែងប៉ុណ្ណោះ ក៏រងទុក្ខទោមនស្ស ព្រោះតែគេប្រហារ១លំពែងនោះទៅហើយ ចំណង់បើត្រូវគេប្រហារ ដល់៣០០លំពែងនោះ មិនបាច់និយាយទេ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ត្រូវអ្នករាល់គ្នា យល់វិញ្ញាណាហារ ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ កាលបើកំណត់ដឹងវិញ្ញាណាហារហើយ ក៏ឈ្មោះថា បានកំណត់ដឹងនូវនាម និងរូបដែរ