[២៤៩] ម្នាលភិក្ខុទាំងឡាយ ដូចជាផ្ទះមានកំពូល ឬសាលាមានកំពូល ក្នុងទិសខាងជើង ឬក្នុងទិសខាងត្បូង មានបង្អួចខាងកើត កាលបើព្រះអាទិត្យរះឡើង រស្មីរបស់ព្រះអាទិត្យនោះ ក៏ចូលតាមបង្អួច តើទៅតាំងនៅក្នុងទីណា។ បពិត្រព្រះអង្គដ៏ចំរើន តាំងនៅត្រង់ជញ្ជាំងទិសខាងលិច។ ម្នាលភិក្ខុទាំងឡាយ បើជញ្ជាំងទិសខាងលិចមិនមានទេ តើរស្មីរបស់ព្រះអាទិត្យនោះ តាំងនៅក្នុងទីណា។ បពិត្រព្រះអង្គដ៏ចំរើន តាំងនៅលើផែនដី។ ម្នាលភិក្ខុទាំងឡាយ បើផែនដីមិនមានទេ តើរស្មីរបស់ព្រះអាទិត្យនោះ តាំងនៅក្នុងទីណា។ បពិត្រព្រះអង្គដ៏ចំរើន លើទឹក។ ម្នាលភិក្ខុទាំងឡាយ បើទឹកមិនមានទេ តើរស្មីរបស់ព្រះអាទិត្យនោះ តាំងនៅក្នុងទីណា។ បពិត្រព្រះអង្គដ៏ចំរើន មិនតាំងនៅទេ។ ម្នាលភិក្ខុទាំងឡាយ ការនេះ ក៏យ៉ាងនោះដែរ បើតម្រេក សេចក្តីរីករាយ ចំណង់ មិនមានក្នុងកវឡីការាហារទេ... ម្នាលភិក្ខុទាំងឡាយ ក្នុងផស្សាហារទេ... ម្នាលភិក្ខុទាំងឡាយ ក្នុងមនោសញ្ចេតនាហារទេ... ម្នាលភិក្ខុទាំងឡាយ បើតម្រេក សេចក្តីរីករាយ ចំណង់ មិនមានក្នុងវិញ្ញាណាហារទេ វិញ្ញាណក៏មិនលូតលាស់ មិនតាំងនៅស៊ប់ ក្នុងវិញ្ញាណាហារនោះដែរ