[១១៦] គ្រានោះ កឡារខត្តិយភិក្ខុ ក្រោកអំពីអាសនៈ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះកឡារខត្តិយភិក្ខុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តមានអាយុ បន្លឺសីហនាទថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ បានសួរប្រស្នាទី១នឹងខ្ញុំ ជាប្រស្នាដែលខ្ញុំមិនធ្លាប់ដឹងមកពីកាលមុនទេ សេចក្តីយឺតយូរ ក្នុងការដោះស្រាយ ក៏កើតមានដល់ខ្ញុំ ម្នាលអាវុសោទាំងឡាយ កាលណាបើព្រះមានព្រះភាគ បានអនុមោទនាប្រស្នាជាដំបូង របស់ខ្ញុំហើយ ម្នាលអាវុសោទាំងឡាយ ខ្ញុំមានសេចក្តីត្រិះរិះ ដូច្នេះថា ប្រសិនបើព្រះមានព្រះភាគ សួរសេចក្តីនុ៎ះ ដោយបទដទៃៗ ដោយបរិយាយដទៃៗ ចំពោះអាត្មាអញ អស់១ថ្ងៃ អាត្មាអញ អាចនឹងដោះស្រាយសេចក្តីនុ៎ះ ដោយបទដទៃៗ ដោយបរិយាយដទៃៗ ថ្វាយព្រះមានព្រះភាគ អស់១ថ្ងៃ ប្រសិនបើអស់១យប់។បេ។ ប្រសិនបើព្រះមានព្រះភាគ សួរសេចក្តីនុ៎ះ ចំពោះអាត្មាអញ អស់១យប់១ថ្ងៃ... ប្រសិនបើព្រះមានព្រះភាគ សួរសេចក្តីនុ៎ះ ចំពោះអាត្មាអញ អស់២យប់២ថ្ងៃ... ៣យប់ ៣ថ្ងៃ... ៤យប់ ៤ថ្ងៃ... ៥យប់៥ថ្ងៃ... ៦យប់៦ថ្ងៃ... ប្រសិនបើព្រះមានព្រះភាគ សួរសេចក្តីនុ៎ះ ដោយបទដទៃៗ ដោយបរិយាយដទៃៗ