[១៥២] ចុះភ័យ ឬពៀរទាំង៥ គឺអរិយសាវ័ករម្ងាប់ហើយ តើដូចម្តេច។ ម្នាលគហបតី បុគ្គលអ្នកសម្លាប់សត្វ តែងចួបប្រសព្វនូវភ័យ ឬពៀរណា ក្នុងបច្ចុប្បន្នផង ចួបប្រសព្វនូវភ័យ ឬពៀរណា ក្នុងបរលោកផង ទទួលនូវទុក្ខ និងទោមនស្ស ប្រព្រឹត្តទៅក្នុងចិត្តផង ព្រោះតែបាណាតិបាតជាបច្ច័យ ភ័យ ឬពៀរនោះ អរិយសាវ័ក អ្នកវៀរស្រឡះចាកបាណាតិបាត បានរម្ងាប់ហើយ យ៉ាងនេះ។ ម្នាលគហបតី បុគ្គលអ្នកកាន់យកទ្រព្យ ដែលគេមិនបានឲ្យ តែងចួបប្រសព្វនូវភ័យ ឬពៀរណា ក្នុងបច្ចុប្បន្នផង ចួបប្រសព្វ នូវភ័យ ឬពៀរណា ក្នុងបរលោកផង ទទួលនូវទុក្ខ និងទោមនស្ស ប្រព្រឹត្តទៅក្នុងចិត្តផង ព្រោះតែអទិន្នាទានជាបច្ច័យ ភ័យ ឬពៀរនោះ អរិយសាវ័ក អ្នកវៀរស្រឡះចាកអទិន្នាទាន បានរម្ងាប់ហើយ យ៉ាងនេះ។ ម្នាលគហបតី បុគ្គលអ្នកប្រព្រឹត្តកាមេសុមិច្ឆាចារ តែងចួបប្រសព្វនូវភ័យ ឬពៀរណា ក្នុងបច្ចុប្បន្នផង ចួបប្រសព្វ នូវភ័យ ឬពៀរណា ក្នុងបរលោកផង ទទួលនូវទុក្ខ និងទោមនស្ស ប្រព្រឹត្តទៅក្នុងចិត្តផង ព្រោះតែកាមេសុមិច្ឆាចារ ជាបច្ច័យ ភ័យ ឬពៀរនោះ អរិយសាវ័ក អ្នកវៀរស្រឡះចាកកាមេសុមិច្ឆាចារ បានរម្ងាប់ហើយ យ៉ាងនេះ។ ម្នាលគហបតី