[១៥៣] អរិយសាវ័ក ប្រកបដោយអង្គនៃសោតាបត្តិ ៤ប្រការ គឺអ្វីខ្លះ។ ម្នាលគហបតី អរិយសាវ័កក្នុងសាសនានេះ ប្រកបដោយសេចក្តីជ្រះថ្លា មិនកម្រើកក្នុងព្រះពុទ្ធថា ព្រះមានព្រះភាគអង្គនោះ ជាព្រះអរហន្ត ព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌ ដោយព្រះអង្គឯង ដោយប្រពៃ ព្រះអង្គ បរិបូណ៌ដោយវិជ្ជា និងចរណៈ ជាព្រះសុគត ព្រះអង្គជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ព្រះអង្គអ្នកប្រដៅបុរសបុគ្គលដូចនាយសារថី ជាសាស្តាចារ្យ នៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹងនូវចតុរារិយសច្ច ព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀត១ អរិយសាវ័ក ប្រកបដោយសេចក្តីជ្រះថ្លា មិនកម្រើកក្នុងព្រះធម៌ថា ព្រះបរិយត្តិធម៌ ជាធម៌ គឺព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែងហើយ ដោយប្រពៃ ព្រះនព្វលោកុត្តរធម៌ ជាធម៌ គឺបុគ្គលគប្បីឃើញច្បាស់ ដោយខ្លួនឯង ជាធម៌ ឲ្យផលមិនរង់ចាំកាល ជាធម៌គួរដល់ឯហិបស្សវិធី ជាធម៌គួរបង្អោនចូលមកទុកក្នុងខ្លួន ជាធម៌ ដែលពួកវិញ្ញូជន គប្បីដឹងច្បាស់ ដោយខ្លួនឯង១ អរិយសាវ័ក ប្រកបដោយសេចក្តីជ្រះថ្លា មិនកម្រើកក្នុងព្រះសង្ឃថា ព្រះសង្ឃជាសាវ័ក នៃព្រះមានព្រះភាគ