[១៩២] ម្នាលភិក្ខុទាំងឡាយ កាលដែលភិក្ខុលះបង់អវិជ្ជាចោលហើយ វិជ្ជាក៏កើតឡើង។ ព្រោះតែការបាត់ទៅនៃអវិជ្ជា ព្រោះតែការកើតឡើងនៃវិជ្ជា បានជាភិក្ខុនោះ លែងតាក់តែងបុញ្ញាភិសង្ខារ លែងតាក់តែងអបុញ្ញាភិសង្ខារ លែងតាក់តែងអនេជាភិសង្ខារ កាលបើលែងតាក់តែង លែងសន្សំហើយ ក៏លែងប្រកាន់អ្វីតិចតួច ក្នុងលោកសោះឡើយ កាលបើលែងប្រកាន់ហើយ ក៏ឥតតក់ស្លុត កាលបើឥតតក់ស្លុតហើយ រមែងរលត់កិលេស ដោយចំពោះខ្លួនឯង ទើបដឹងច្បាស់ថា ជាតិ (របស់អាត្មាអញ) អស់ហើយ ព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បើភិក្ខុនោះ ទទួលវេទនាជាសុខ ក៏ដឹងច្បាស់ថា វេទនានោះ មិនទៀង ដឹងច្បាស់ថា លោកមិនប្រកាន់ហើយ ដឹងច្បាស់ថា លោកមិនត្រេកអរហើយ។ បើភិក្ខុនោះ ទទួលវេទនាជាទុក្ខ ក៏ដឹងច្បាស់ថា វេទនានោះ មិនទៀង ដឹងច្បាស់ថា លោកមិនប្រកាន់ហើយ ដឹងច្បាស់ថា លោកមិនត្រេកអរហើយ។ បើភិក្ខុនោះ ទទួលវេទនា មិនមែនជាទុក្ខ មិនមែនជាសុខ