[២៣៤] ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ តែងនឿយណាយក្នុងរូបផង នឿយណាយក្នុងវេទនាផង នឿយណាយក្នុងសញ្ញាផង នឿយណាយក្នុងសង្ខារទាំងឡាយផង នឿយណាយក្នុងវិញ្ញាណផង កាលបើនឿយណាយ ក៏តែងធុញទ្រាន់ ព្រោះតែការធុញទ្រាន់ ចិត្តក៏ផុតស្រឡះបាន។ កាលបើចិត្តផុតស្រឡះហើយ សេចក្តីដឹងថា ចិត្តផុតស្រឡះហើយ ដូច្នេះ ក៏កើតមាន។ អរិយសាវ័កនោះ តែងដឹងច្បាស់ថា ជាតិ (របស់អាត្មាអញ) អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ចប់សូត្រទី១។
[២៣៥] ទ្រង់គង់នៅទៀបក្រុងសាវត្ថី.... ក្នុងទីនោះឯង ព្រះមានព្រះភាគ... ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនអ្នកមិនចេះដឹង គប្បីនឿយណាយផង ធុញទ្រាន់ផង ផុតស្រឡះផង ក្នុងកាយដែលកើតអំពីមហាភូតទាំង៤នេះ ដំណើរនេះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា សេចក្តីចម្រើនក្តី សេចក្តីវិនាសក្តី ដំណើរកើតក្តី ដំណើរបែកធ្លាយក្តី របស់កាយដែលកើតអំពីមហាភូតទាំង៤នេះ តែងប្រាកដ ហេតុនោះ បានជាបុថុជ្ជនអ្នកមិនចេះដឹង គប្បីនឿយណាយផង ធុញទ្រាន់ផង ផុតស្រឡះផង ក្នុងកាយនោះ។