[២៤២] ម្នាលភិក្ខុទាំងឡាយ ផស្សាហារ តើត្រូវយល់ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ដូចជាមេគោ ដែលមិនមានស្បែក បើឈរផ្អែកនឹងជញ្ជាំង ក៏ត្រូវពួកសត្វ ដែលអាស្រ័យនៅនឹងជញ្ជាំងនោះខាំ បើឈរផ្អែកនឹងដើមឈើ ក៏ត្រូវពួកសត្វ ដែលអាស្រ័យនៅនឹងដើមឈើនោះខាំ បើឈរត្រាំនៅក្នុងទឹក ក៏ត្រូវពួកសត្វ ដែលអាស្រ័យនៅក្នុងទឹកនោះចឹកប្របិច បើឈរកណ្តាលវាល ក៏ត្រូវពួកសត្វ ដែលអាស្រ័យនៅនឹងអាកាសនោះខាំ ម្នាលភិក្ខុទាំងឡាយ មេគោដែលមិនមានស្បែកនោះ ឈរនៅក្នុងទីណាៗ ក៏គង់តែពួកសត្វ ដែលអាស្រ័យនៅក្នុងទីនោះៗខាំស៊ី យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ត្រូវអ្នករាល់គ្នា យល់ផស្សាហារ ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ កាលបើកំណត់ដឹងផស្សាហារហើយ ក៏ឈ្មោះថា បានកំណត់ដឹង នូវវេទនាទាំងបីដែរ កាលបើកំណត់ដឹងនូវវេទនាទាំងបីហើយ តថាគតពោលថា កិច្ចណាមួយ ដែលអរិយសាវ័កត្រូវធ្វើតទៅទៀត មិនមានឡើយ។