ក្រហល់ក្រហាយ ស្រេកឃ្លាន មកដល់។ មនុស្សទាំងឡាយ និយាយនឹងបុរសនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចម្រើន ផ្តិលពេញដោយសុរានេះ បរិបូណ៌ដោយពណ៌ បរិបូណ៌ដោយក្លិន បរិបូណ៌ដោយរស (សមគួរ) ដល់អ្នក តែផ្តិលនោះ គេលាយដោយថ្នាំពិស បើអ្នកចង់ ក៏ចូរផឹកចុះ ព្រោះថា កាលបើអ្នកផឹកហើយ ទឹកនោះនឹងគាប់ចិត្តអ្នក ដោយពណ៌ផង ដោយក្លិនផង ដោយរសផង តែបើអ្នកផឹកទៅហើយ មុខជានឹងដល់នូវសេចក្តីស្លាប់ ឬនឹងដល់នូវទុក្ខស្ទើរស្លាប់ ព្រោះតែការផឹកនោះជាហេតុ។ ម្នាលភិក្ខុទាំងឡាយ កាលនោះ បុរសនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា សុរាដែលអាត្មាអញស្រេកហើយនេះ អាចបន្ទោបង់ដោយទឹកត្រជាក់ក៏បាន បន្ទោបង់ដោយទធិថ្លាក៏បាន បន្ទោបង់ដោយទឹកសតូវ ដែលលាយដោយអំបិលក៏បាន បន្ទោបង់ដោយថ្នាំត្រាំឈ្មោះថាលោណសោចិរកៈ(១) ក៏បាន អាត្មាអញ មិនត្រូវផឹកសុរា ដែលប្រព្រឹត្តទៅ ដើម្បីមិនមែនជាគុណ ដើម្បីទុក្ខអស់កាលដ៏យូរ ដល់អាត្មាអញនោះទេ។ បុរសនោះ ក៏គប្បីពិចារណានូវផ្តិល ដែលពេញដោយសុរានោះហើយ ក៏មិនបានផឹក លះបង់ចោលចេញ។ បុរសនោះ ក៏មិនដល់នូវសេចក្តីស្លាប់ ឬដល់នូវទុក្ខស្ទើរស្លាប់ ព្រោះតែការផឹកនោះជាហេតុទេ។
(១) ថ្នាំដែលគេត្រាំដោយស្រូវគ្រប់យ៉ាង និងទំពាំងជាដើម។