មានព្រះបន្ទូល នឹងរាជបុរសនោះ យ៉ាងនេះថា នែប្រស្តែងទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរនាំគ្នាចងបុរសនេះ ឲ្យមានដើមដៃទៅខាងក្រោយ (ចងស្លាបសេក) ឲ្យខ្ជាប់ ដោយខ្សែដ៏មាំ កោរក្បាលឲ្យរលីងចេញហើយ (ត្រូវទួង) ស្គរជ័យ ដែលមានសំឡេងឮខ្លាំង នាំបណ្តើរជុំវិញសព្វច្រក សព្វផ្លូវត្រឡែងកែង នាំចេញទៅតាមទ្វារខាងត្បូងហើយ ចូរកាត់ក្បាល ត្រង់កន្លែងសម្រាប់ពិឃាត ជាខាងត្បូងនៃព្រះនគរចុះ ឯពួករាជបុរស នាំគ្នាចាប់ចងបុរសនោះ ឲ្យមានដើមដៃទៅខាងក្រោយឲ្យខ្ជាប់ ដោយខ្សែដ៏មាំ កោរក្បាលឲ្យរលីងចេញ(ទួង) ស្គរជ័យ ដែលមានសំឡេងឮខ្លាំង នាំបណ្តើរជុំវិញសព្វច្រក សព្វផ្លូវត្រឡែងកែង រួចនាំចេញទៅតាមទ្វារខាងត្បូង កាត់ក្បាល នៅខាងត្បូង នៃព្រះនគរ ម្នាលសុសិមៈ អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច បុរសនោះ គប្បីទទួលទុក្ខ ទោមនស្ស ព្រោះដំណើរនោះជាហេតុ ដែរឬទេ។ ព្រះករុណា ព្រះអង្គ។