អភិសមយវគ្គ
[៣១១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ចាប់លើកអាចម៍ដីបន្តិច ដោយចុងព្រះនខៈ រួចទ្រង់ត្រាស់សួរបញ្ជាក់ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះដូចម្តេច អាចម៍ដីបន្តិច ដែលតថាគត ចាប់លើកដោយចុងក្រចកនេះ និងមហាប្រឹថពីនេះ តើណាច្រើនជាង។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន មហាប្រឹថពីច្រើនជាង អាចម៍ដីបន្តិច ដែលព្រះអង្គចាប់លើក ដោយចុងព្រះនខៈនុ៎ះ មានប្រមាណតិចណាស់ អាចម៍ដីបន្តិច ដែលព្រះអង្គចាប់លើក ដោយចុងព្រះនខៈ យកទៅប្រៀបធៀបនឹងមហាប្រឹថពី មិនដល់នូវចំណែកមួយ ក្នុងមួយរយចំណែក មិនដល់នូវចំណែកមួយ ក្នុងមួយពាន់ចំណែក មិនដល់នូវចំណែកមួយ ក្នុងមួយសែនចំណែកឡើយ។