​បើ​ភិក្ខុ​សំដែងធម៌​ ​ដើម្បី​ការ​នឿយណាយ​ ​ដើម្បី​ការ​វិនាស​ ​ដើម្បី​ការ​រលត់​ ​នៃ​អវិជ្ជា​ ​ទើប​គួរ​ហៅថា​ ​ភិក្ខុ​ធម្មកថិក​។​ ​បើ​ភិក្ខុ​ប្រតិបត្តិ​ ​ដើម្បី​ការ​នឿយណាយ​ ​ដើម្បី​ការ​វិនាស​ ​ដើម្បី​ការ​រលត់​ ​នៃ​អវិជ្ជា​ ​ទើប​គួរ​ហៅថា​ ​ភិក្ខុ​អ្នកប្រតិបត្តិ​នូវ​ធម៌​ ​សមគួរ​ដល់​ធម៌​។​ ​បើ​ភិក្ខុ​មានចិត្ត​រួច​ស្រឡះ​ហើយ​ ​ព្រោះ​ការ​នឿយណាយ​ ​ព្រោះ​ការ​វិនាស​ ​ព្រោះ​ការ​រលត់​ ​នៃ​អវិជ្ជា​ ​ព្រោះ​ការ​មិន​ប្រកាន់​មាំ​ ​ទើប​គួរ​ហៅថា​ ​ភិក្ខុ​អ្នក​ដល់​ ​នូវ​ព្រះនិព្វាន​ក្នុង​បច្ចុប្បន្ន​។​ ​ចប់​សូត្រ​ទី៦​។​
 [​៤៧​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ក្នុង​វត្ត​វេឡុវ័ន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ជិត​ក្រុង​រាជគ្រឹះ​។​ ​គ្រានោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​វេលា​បុព្វណ្ហសម័យ​ ​ហើយ​ស្តេច​ចូល​ទៅ​ក្នុង​ក្រុង​រាជគ្រឹះ​ ​ដើម្បី​បិណ្ឌបាត​។​ ​អ​ចេ​លក​ស្សប​ ​បានឃើញ​ព្រះមានព្រះភាគ​ ​យាង​មក​អំពី​ចម្ងាយ​លឹម​ៗ​ ​លុះ​ឃើញ​ហើយ​ ​ក៏​ដើរចូល​ទៅ​រក​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ ​ជាមួយនឹង​ព្រះមានព្រះភាគ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រឭក​ហើយ​ ​ក៏​ឋិតនៅ​ក្នុង​ទីសម​គួរ​។​
ថយ | ទំព័រទី ៣៩ | បន្ទាប់