សេចក្តីទុក្ខ គឺបុគ្គលដទៃធ្វើឲ្យឬ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា កុំពោលយ៉ាងនេះឡើយ កស្សប។ បពិត្រព្រះគោតមដ៏ចំរើន សេចក្តីទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯងផង បុគ្គលដទៃធ្វើឲ្យផង ឬអ្វី។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា កុំពោលយ៉ាងនេះឡើយ កស្សប។ បពិត្រព្រះគោតមដ៏ចំរើន បើដូច្នោះ សេចក្តីទុក្ខ មិនមែនជាអំពើរបស់ខ្លួនឯង មិនមែនជាអំពើរបស់អ្នកដទៃទេ គឺកើតឡើងដោយឥតហេតុ ឬអ្វី។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា កុំពោលយ៉ាងនេះឡើយ កស្សប។ បពិត្រព្រះគោតមដ៏ចំរើន សេចក្តីទុក្ខ មិនមានទេឬ។ ម្នាលកស្សប សេចក្តីទុក្ខ មិនមែនជាមិនមានទេ ម្នាលកស្សប សេចក្តីទុក្ខ មានដោយពិត។ បើដូច្នោះ មានតែព្រះគោតមដ៏ចំរើន មិនស្គាល់ មិនឃើញសេចក្តីទុក្ខទេឬ។ ម្នាលកស្សប តថាគត មិនមែនជាមិនស្គាល់ មិនឃើញសេចក្តីទុក្ខទេ ម្នាលកស្សប តថាគត ស្គាល់សេចក្តីទុក្ខ ដោយពិត ម្នាលកស្សប តថាគត ឃើញសេចក្តីទុក្ខដោយពិត។ ចុះកាលដែលខ្ញុំសួរថា បពិត្រព្រះគោតមដ៏ចំរើន សេចក្តីទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង ឬអ្វី។ ព្រះអង្គ ត្រាស់ថា កុំពោលយ៉ាងនេះឡើយ កស្សប