សំគាល់នូវធម៌ ដែលខ្លួនគប្បីពោល ក្នុងទីចំពោះមុខព្រះអានន្ទជាម្ចាស់ ជាអ្នកប្រាជ្ញអាចសម្រេចកិច្ចដោយបញ្ញាបាន ឈ្មួញម្ជុល គប្បីសំគាល់នូវម្ជុលដែលខ្លួនត្រូវលក់ ក្នុងសំណាក់នៃជាងម្ជុលដ៏ល្អិតល្អ យ៉ាងណា ព្រះមហាកស្សបជាម្ចាស់ ក៏សំគាល់នូវធម៌ ដែលខ្លួនគប្បីពោល ក្នុងទីចំពោះមុខនៃព្រះអានន្ទជាម្ចាស់ ជាអ្នកប្រាជ្ញអាចសម្រេចកិច្ចដោយបញ្ញាបាន យ៉ាងនោះដែរ។ ព្រះមហាកស្សបមានអាយុ បានឮវាចារបស់ថុល្លតិស្សាភិក្ខុនី ពោលយ៉ាងនេះហើយ។ ទើបព្រះមហាកស្សបមានអាយុ បានពោលពាក្យនេះ នឹងព្រះអានន្ទមានអាយុថា ម្នាលអាវុសោអានន្ទ ខ្ញុំទុកដូចជាឈ្មួញម្ជុល លោកទុកដូចជាជាងម្ជុល ឬថាខ្ញុំទុកដូចជាជាងម្ជុល លោកទុកដូចជាឈ្មួញម្ជុលវិញ។ បពិត្រព្រះកស្សបដ៏ចម្រើន សូមលោកអត់ទោសចុះ (ដ្បិត) មាតុគ្រាមជាអ្នកល្ងង់។