អនមតគ្គសំយុត្ត
តិណកដ្ឋវគ្គ
[៨៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។បេ។ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ សង្សារនេះ មានទីបំផុតគេមិនអាចដឹងបាន គឺទីបំផុតខាងដើម របស់សត្វទាំងឡាយ ដែលមានអវិជ្ជាជារនាំង មានតណ្ហាជាចំណង អន្ទោលទៅ ត្រាច់រង្គាត់ទៅ មិនប្រាកដឡើយ(១) ។
[៩០] ម្នាលភិក្ខុទាំងឡាយ ដូចបុរសកាត់ស្មៅ កំណាត់ឈើ មែកឈើ ស្លឹកឈើ ក្នុងជម្ពូទ្វីបនេះ ហើយប្រមូលទុកក្នុងទីជាមួយគ្នា លុះប្រមូលទុកក្នុងទីជាមួយគ្នារួចហើយ ក៏ធ្វើខ្នាច់ប្រវែងបួនធ្នាប់ៗ ហើយតំកល់ទុកថា នេះទុកជាមាតារបស់អញ នេះទុកជាមាតានៃមាតារបស់អញ។ ម្នាលភិក្ខុទាំងឡាយ មាតាទាំងឡាយ របស់មាតានៃបុរសនោះ មិនអស់ឡើយ ឯស្មៅ កំណាត់ឈើ មែកឈើ និងស្លឹកឈើ ក្នុងជម្ពូទ្វីបនេះ គប្បីដល់នូវការអស់ទៅ ផុតទៅ សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះសង្សារនេះ មានទីបំផុតគេមិនអាចដឹងបាន
(១) ទីបំផុតខាងដើមនៃសង្សារ មិនប្រាកដទេ ប៉ុន្តែអដ្ឋកថា ប្រាប់ថា សូម្បីទីបំផុតខាងចុង ក៏មិនប្រាកដដែរ។