[​១៣៨​]​ ​ព្រះមានព្រះភាគ​ ​គង់នៅ​ទៀប​ក្រុង​សាវត្ថី​.​.​.​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​.​.​.​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​មាន​ឧបមាដូចជា​ព្រះចន្ទ​(​១​)​ ​ចូរ​ដក​កាយ​ ​ដកចិត្ត​ចេញ​ ​ធ្វើដូចជា​អាគន្តុក​ភិក្ខុ​ ​មិន​ឃ្នើសឃ្នង​ ​ក្នុង​ត្រកូល​ទាំងឡាយ​ ​ហើយ​ចូល​ទៅកាន់​ត្រកូល​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុរស​ក្រឡេក​មើល​នូវ​រណ្តៅ​ចាស់​ក្តី​ ​នូវ​ទី​ដែល​មិន​រាបស្មើ​ក្នុង​ភ្នំ​ក្តី​ ​នូវ​ទី​ដែល​ឆ្លង​បាន​ដោយ​លំបាក​ក្នុង​ស្ទឹង​ក្តី​ ​តែង​ដក​កាយ​ ​ដកចិត្ត​ចេញ​ ​យ៉ាងណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​មាន​ឧបមាដូចជា​ព្រះចន្ទ​ ​ចូរ​ដក​កាយ​ ​ដកចិត្ត​ចេញ​ ​ធ្វើដូចជា​អាគន្តុក​ភិក្ខុ​ ​មិន​ឃ្នើសឃ្នង​ ​ក្នុង​ត្រកូល​ទាំងឡាយ​ ​ហើយ​ចូល​ទៅកាន់​ត្រកូល​ចុះ​ ​យ៉ាងនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កស្សប​មាន​ឧបមា​ដូច​ព្រះចន្ទ​ ​តែង​ដក​កាយ​ ​ដកចិត្ត​ចេញ​ ​ធ្វើដូចជា​អាគន្តុក​ភិក្ខុ​ ​មិន​ឃ្នើសឃ្នង​ ​ក្នុង​ត្រកូល​ទាំងឡាយ​ ​ហើយ​ចូល​ទៅកាន់​ត្រកូល​។​
​(​១​)​ ​ភិក្ខុ​ប្រព្រឹត្ត​ខ្លួន​ដូចជា​ព្រះចន្ទ​ ​ហើយ​ចូល​ទៅកាន់​ត្រកូល​នោះ​ ​គឺ​មិនរើសមុខ​ថា​ ​ក្សត្រិយ៍​ ​ឬ​ព្រាហ្មណ៍​ជាដើម​ ​ដូច​ព្រះចន្ទ​ដែល​ផ្សាយ​រស្មី​មិនរើសមុខ​សត្វ​ណាមួយ​ឡើយ​។​
ថយ | ទំព័រទី ១២០ | បន្ទាប់