[២០៩] កាលដែលបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ ចៀសចេញទៅ មិនយូរប៉ុន្មាន ព្រះអនុរាធមានអាយុ ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា ប្រសិនបើបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ សួរអាត្មាអញ តទៅទៀត អាត្មាអញ នឹងព្យាករ ដល់បរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ ដូចម្តេច ទើបឈ្មោះថា ពោលតាមពាក្យ ដែលព្រះមានព្រះភាគ ពោលហើយផង មិនពោលបង្កាច់ព្រះមានព្រះភាគ ដោយពាក្យមិនពិតផង ឈ្មោះថា ព្យាករនូវធម៌ តាមធម៌ផង ពាក្យពោលនីមួយ ដែលប្រកបដោយធម៌ មិនមកកាន់ស្ថាន ដែលបណ្ឌិតគប្បីតិះដៀលផង។ គ្រានោះ ព្រះអនុរាធមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ។បេ។ លុះព្រះអនុរាធមានអាយុ គង់ក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គសម្រាកនៅក្នុងអរញ្ញកុដិ ជិតព្រះមានព្រះភាគ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ