រួចពោលថា ម្នាលអាវុសោ យប់មិញនេះ កាលដែលរាត្រី (បឋមយាម) កន្លងហើយ ទេវតាពីរអង្គ។បេ។ បានឋិតនៅក្នុងទីសមគួរ ម្នាលអាវុសោ លុះទេវតាមួយអង្គ ឋិតនៅក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន វក្កលិភិក្ខុ កំពុងត្រិះរិះ ដើម្បីមគ្គវិមោក្ខ។ ទេវតាមួយអង្គទៀត ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន វក្កលិភិក្ខុនោះ ជាអ្នកចង់រួចស្រឡះ ចាកកិលេស មុខជានឹងរួចដោយពិត។ ម្នាលអាវុសោវក្កលិ ទាំងព្រះមានព្រះភាគ ត្រាស់នឹងអ្នក យ៉ាងនេះថា ម្នាលវក្កលិ អ្នកកុំខ្លាចឡើយ ម្នាលវក្កលិ អ្នកកុំខ្លាចឡើយ មរណៈរបស់អ្នក មុខជាមិនអាក្រក់ទេ កាលកិរិយា របស់អ្នក ក៏មុខជាមិនអាក្រក់ទេ ដូច្នេះដែរ។ ព្រះវក្កលិពោលថា ម្នាលអាវុសោទាំងឡាយ បើដូច្នោះ ចូរអ្នកទាំងឡាយ ថ្វាយបង្គំព្រះបាទា របស់ព្រះមានព្រះភាគ ដោយត្បូង តាមពាក្យរបស់ខ្ញុំថា បពិត្រព្រះអង្គដ៏ចំរើន វក្កលិភិក្ខុ មានអាពាធ ដល់នូវសេចក្តីទុក្ខ មានជម្ងឺជាទម្ងន់ លោកថ្វាយបង្គំព្រះបាទា របស់ព្រះមានព្រះភាគ ដោយត្បូង មួយទៀត លោកពោលយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិនងឿងឆ្ងល់ទេ ត្រង់ពាក្យថា រូបមិនទៀង