[២៣២] កាលដែលព្រះឆន្នៈនិយាយយ៉ាងនេះហើយ ភិក្ខុទាំងឡាយជាថេរៈ និយាយនឹងព្រះឆន្នៈមានអាយុ ដូច្នេះថា អាវុសោឆន្នៈ រូប មិនទៀង វេទនាមិនទៀង សញ្ញាមិនទៀង សង្ខារទាំងឡាយ មិនទៀង វិញ្ញាណមិនទៀង។ រូបជាអនត្តា។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណជាអនត្តា សង្ខារទាំងឡាយ ទាំងពួង មិនទៀង ធម៌ទាំងឡាយទាំងពួង ជាអនត្តា។ លំដាប់នោះ ព្រះឆន្នៈមានអាយុ មានសេចក្តីត្រិះរិះ ដូច្នេះថា អាត្មាអញ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះដែរថា រូបមិនទៀង។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណមិនទៀង។ រូបជាអនត្តា។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណជាអនត្តា សង្ខារទាំងឡាយទាំងពួង មិនទៀង ធម៌ទាំងឡាយទាំងពួង ជាអនត្តាដែរ ប៉ុន្តែចិត្តរបស់អញ មិនស្ទុះ មិនជ្រះថ្លា មិនតម្កល់ខ្ជាប់ មិនបង្អោនទៅរកព្រះនិព្វាន ដែលមានអាការរម្ងាប់ នូវសង្ខារទាំងពួង ជាទីរលាស់ចេញ នូវឧបធិទាំងពួង ជាទីអស់ទៅ នៃតណ្ហា ជាទីប្រាសចាកតម្រក ជាទីរលត់ទេ ទើបសេចក្តីតក់ស្លុត សេចក្តីប្រកាន់មាំ ក៏កើតឡើង ចិត្តរបស់អញ ក៏ត្រឡប់គិតថា អ្វីហ្ន៎ ជាខ្លួនរបស់អញអេះ។ មួយទៀត កាលបើអញ មិនទាន់ឃើញចតុស្សច្ចធម៌នុ៎ះ