​ម្នាល​អាវុសោ​ ​ក្នុង​ទីឯណោះ​ ​ខ្ញុំ​ស្ងាត់​ចាក​កាម​ទាំងឡាយ​ ​ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយ​ ​បាន​ចូល​បឋមជ្ឈាន​ ​ដែល​ប្រកបដោយ​វិត្ត​កៈ​ ​វិចារៈ​ ​មាន​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​សេចក្តី​ស្ងាត់​ ​ហើយ​សម្រេចសម្រាន្ត​នៅ​។​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​នោះ​ ​មិន​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​កំពុង​ចូល​បឋមជ្ឈាន​ ​ឬថា​ ​អាត្មាអញ​ ​បាន​ចូល​បឋមជ្ឈាន​ហើយ​ ​ឬក៏​ថា​ ​អាត្មាអញ​ ​បាន​ចេញ​អំពី​បឋមជ្ឈាន​ហើយ​ ​ដូច្នេះ​ឡើយ​។​ ​ព្រះ​អានន្ទ​តប​ថា​ ​ពិត​ដូច្នោះ​មែន​ ​ព្រោះ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​បាន​គាស់រំលើង​ ​នូវ​អនុស័យ​ ​គឺ​សេចក្តី​ប្រកាន់​ថា​អញ​ ​ថា​របស់​អញ​ ​អស់​កាលយូរ​មក​ហើយ​ ​ហេតុ​នោះ​ ​បាន​ជា​ព្រះ​សារីបុត្ត​មាន​អាយុ​ ​មិន​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​កំពុង​ចូល​បឋមជ្ឈាន​ ​ឬថា​ ​អាត្មាអញ​ ​បាន​ចូល​បឋមជ្ឈាន​ហើយ​ ​ឬក៏​ថា​ ​អាត្មាអញ​ ​បាន​ចេញ​អំពី​បឋមជ្ឈាន​ហើយ​ ​ដូច្នេះ​ឡើយ​។​
ថយ | ទំព័រទី ១៨២ | បន្ទាប់