[២២៤] ម្នាលភិក្ខុទាំងឡាយ រូបជាអនត្តា ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យកើតរូប ហេតុ និងបច្ច័យនោះឯង ក៏ជាអនត្តាដែរ ម្នាលភិក្ខុទាំងឡាយ ចុះបើរូបកើតមកអំពីហេតុ និងបច្ច័យ ដែលជាអនត្តាហើយ រូបនឹងទៅជាអត្តាម្តេចកើត។ សំឡេង ក្លិន រស ផោដ្ឋព្វៈ ធម្មារម្មណ៍ ជាអនត្តា ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យកើតធម្មារម្មណ៍ ហេតុ និងបច្ច័យនោះឯង ក៏ជាអនត្តាដែរ ម្នាលភិក្ខុទាំងឡាយ ចុះបើធម្មារម្មណ៍ កើតមកអំពីហេតុ និងបច្ច័យ ដែលជាអនត្តាហើយ ធម្មារម្មណ៍នឹងទៅជាអត្តាម្តេចកើត។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័ក អ្នកចេះដឹង ឃើញយ៉ាងនេះ រមែងនឿយណាយនឹងរូប នឿយណាយនឹងសំឡេង ក្លិន រស ផោដ្ឋព្វៈ ធម្មារម្មណ៍ទាំងឡាយ កាលបើនឿយណាយ ចិត្តក៏ប្រាសចាកតម្រេក ព្រោះការប្រាសចាកតម្រេក ទើបផុតស្រឡះ (ចាកអាសវៈ)។ កាលបើចិត្តផុតស្រឡះហើយ ញាណក៏កើតឡើងថា ចិត្តផុតស្រឡះហើយ។ អរិយសាវ័កនោះ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ច ដទៃប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ចប់សូត្រ ទី ១០។
ចប់ ទេវទហវគ្គ ទី៤។