[៣៣១] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុបានឃើញកាមទាំងឡាយ តាមទំនង ដែលគេឃើញ នូវកាមទាំងឡាយ ហើយចំណង់ក្នុងកាម សេចក្តីស្នេហា ក្នុងកាមសេចក្តីជ្រប់ក្នុងកាម សេចក្តីក្តៅក្រហាយ ដោយកាមណា ក្នុងកាមទាំងឡាយ ចំណង់ក្នុងកាម ជាដើមនោះ មិនដេកត្រាំក្នុងសន្តាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ រណ្តៅរងើកភ្លើង មានជម្រៅជាងមួយជួរបុរស ពេញដោយរងើកភ្លើង ប្រាសចាកអណ្តាត ប្រាកចាកផ្សែង។ គ្រានោះ បុរសប្រាថ្នារស់ មិនចង់ស្លាប់ ប្រាថ្នាសុខ ខ្ពើមទុក្ខ ដើរមក មានបុរសពីរនាក់ មានកម្លាំង ចាប់បុរសនោះ ត្រង់ដើមដៃម្ខាងម្នាក់ ច្រានបុរសនោះ ឲ្យចូលទៅក្នុងរណ្តៅរងើកភ្លើង បុរសនោះ ក៏ក្រាញ ទប់កាយនេះ ដោយអាការ ដូច្នេះ ៗ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា បុរសនោះ មានការយល់ច្បាស់ថា អាត្មាអញ នឹងធ្លាក់ចុះ ក្នុងរណ្តៅរងើកភ្លើងនេះ អាត្មាអញ នឹងដល់នូវមរណៈ ឬនឹងដល់ នូវទុក្ខស្ទើរមរណៈ ព្រោះការធ្លាក់ចុះនោះ ជាហេតុ សេចក្តីនេះ មានឧបមាយ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យ ដូចភិក្ខុបានឃើញកាមទាំងឡាយ ដែលទុកដូចជា រណ្តៅរងើកភ្លើង តាមទំនង ដែលគេឃើញ នូវកាមទាំងឡាយហើយ
