នឹងពោលលាសិក្ខា ហើយត្រឡប់មក ជាហីនភេទវិញ ដំណើរដូច្នេះនុ៎ះ មិនមានទេ។ ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេគង្គា ជម្រាលទៅទិសខាងកើត ជ្រាលទៅទិសខាងកើត ទោរទៅទិសខាងកើត គ្រានោះ ពពួកមហាជន កាន់យកចបកាប់ និងបង្គី ដើរមក ដោយគិតថា យើងទាំងឡាយ នឹងទប់ទន្លេគង្គានេះ ឲ្យទឹកហូរជម្រាលទៅទិសខាងលិច ជ្រាលទៅទិសខាងលិច ទោរទៅទិសខាងលិចវិញ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សម្គាល់ហេតុនោះ ដូចម្តេច ពពួកមហាជននោះ នឹងទប់ទន្លេគង្គា ឲ្យទឹកហូរជម្រាលទៅទិសខាងលិច ជ្រាលទៅទិសខាងលិច ទោរទៅទិសខាងលិចវិញ បានដែរឬ។ កិច្ចនុ៎ះ មិនបានទេ ព្រះអង្គ។ ដំណើរនោះ ព្រោះហេតុអ្វី។ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះថា ទន្លេគង្គា ជម្រាលទៅទិសខាងកើត ជ្រាលទៅទិសខាងកើត ទោរទៅទិសខាងកើត ទន្លេគង្គានោះ បុគ្គលមិនងាយនឹងទប់ ឲ្យទឹកហូរជម្រាល ទៅទិសខាងលិច ជ្រាលទៅទិសខាងលិច ទោរទៅខាងលិចបានឡើយ។ ឯពពួកមហាជននោះ គប្បីបានតែចំណែក នៃសេចក្តីលំបាក និងសេចក្តីនឿយហត់ប៉ុណ្ណោះ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មានឧបមា ដូចម្តេចមិញ មានឧបមេយ្យ ដូចជា ប្រសិនបើពួកស្តេចក្តី ពួកមហាមាត្យ នៃស្តេចក្តី
