ម្នាលភិក្ខុទាំងឡាយ ព្រោះថា ភិក្ខុសំគាល់ នូវអារម្មណ៍ណា សំគាល់ក្នុងអារម្មណ៍ណា សំគាល់ដោយអារម្មណ៍ណា សំគាល់ថា អារម្មណ៍ណា ជារបស់អញ អារម្មណ៍នោះ កើតឡើង ព្រោះសេចក្តីសំគាល់នោះ សត្វលោក ដែលជាប់ក្នុងភព មានសេចក្តីប្រែប្រួលផ្សេងៗ រមែងត្រេកអរនឹងភពប៉ុណ្ណោះឯង។ ម្នាលភិក្ខុទាំងឡាយ ខន្ធ ធាតុ អាយតនៈ ទាំងប៉ុន្មាន ភិក្ខុ មិនសំគាល់នូវ ខន្ធ ធាតុ អាយតនៈ នោះផង មិនសំគាល់ក្នុង ខន្ធ ធាតុ អាយតនៈ នោះផង មិនសំគាល់ដោយ ខន្ធ ធាតុ អាយតនៈនោះផង មិនសំគាល់ថា ខន្ធ ធាតុ អាយតនៈ នោះជារបស់អញ។ កាលបើភិក្ខុនោះ មិនសំគាល់យ៉ាងនេះ ក៏មិនប្រកាន់នូវ អារម្មណ៍តិចតួចក្នុងលោកឡើយ កាលបើមិនប្រកាន់ ក៏មិនតក់ស្លុត កាលបើមិនតក់ស្លុត ក៏រលត់ចំពោះខ្លួនឯង រមែងដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អញបានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អញបានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ នេះឯង ហៅថា បដិបទា ជាទីសប្បាយ ដល់ការដកឡើងព្រម នូវសេចក្តីសំគាល់វត្ថុទាំងពួង។ ចប់សូត្រទី ៩។