[៦៤០] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ អដ្ឋិសញ្ញា ដែលបុគ្គលបានចំរើនហើយ បានធ្វើឲ្យច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ដ៏ធំ។ ម្នាលភិក្ខុទាំងឡាយ អដ្ឋិកសញ្ញា ដែលបុគ្គលបានចំរើនហើយ បានធ្វើឲ្យច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ដ៏ធំ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ ប្រកបដោយអដ្ឋិកសញ្ញា។ បេ ។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ប្រកបដោយអដ្ឋិកសញ្ញា ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវសេចក្តីប្រាសចាកតម្រេក អាស្រ័យនូវការរលត់ បង្អោនទៅកាន់ការលះបង់។ ម្នាលភិក្ខុទាំងឡាយ អដ្ឋិកសញ្ញា ដែលបុគ្គលបានចំរើនយ៉ាងនេះហើយ បានធ្វើឲ្យច្រើនយ៉ាងនេះហើយ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ដ៏ធំ។