[២៦] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរត្រាច់ទៅក្នុងទី ជាទីគោចរ ជាដែននៃបិតារបស់ខ្លួនចុះ។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ ត្រាច់ទៅក្នុងទីជាទីគោចរ ជាដែននៃបិតារបស់ខ្លួន មារមិនបាននូវចន្លោះ មារមិនបាននូវអារម្មណ៍ឡើយ។ ម្នាលភិក្ខុទាំងឡាយ ចុះទីជាទីគោចរ របស់ភិក្ខុ ជាដែននៃបិតារបស់ខ្លួន តើដូចម្តេច។ គឺ សតិប្បដ្ឋាន ទាំង ៤ នេះឯង។ សតិប្បដ្ឋាន ទាំង ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ ជាអ្នកពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ ម្នាលភិក្ខុទាំងឡាយ នេះទី ជាទីគោចរ របស់ភិក្ខុ ជាដែននៃបិតារបស់ខ្លួន។