[២៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុខ្លះក្នុងសាសនានេះ ជាអ្នកល្ងង់ មិនឈ្លាសវៃ មិនប៉ិនប្រសប់ ជាអ្នកពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី មានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ កាលភិក្ខុនោះ ពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី ចិត្តក៏មិនតាំងនៅមាំ ឧបក្កិលេសទាំងឡាយ ក៏ភិក្ខុនោះ លះបង់មិនបាន ភិក្ខុនោះ មិនរៀនឲ្យចេះនូវនិមិត្តនោះ។ ជាអ្នកពិចារណាឃើញ នូវវេទនា ក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ កាលភិក្ខុនោះ ពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី ចិត្តក៏មិនតាំងនៅមាំ ឧបក្កិលេសទាំងឡាយ ក៏ភិក្ខុនោះ លះបង់មិនបាន ភិក្ខុនោះ មិនរៀនឲ្យចេះ នូវនិមិត្តនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង ជាមនុស្សល្ងង់ មិនឈ្លាសវៃ មិនប៉ិនប្រសប់ ជាអ្នកមិនបាន នូវធម៌ ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ននេះ និងមិនបាន នូវសតិ និងសម្បជញ្ញៈឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ភិក្ខុនោះ ជាមនុស្សល្ងង់ មិនឈ្លាសវៃ មិនប៉ិនប្រសប់ មិនរៀនឲ្យចេះនូវនិមិត្ត នៃចិត្តរបស់ខ្លួន ក៏យ៉ាងនោះដែរ។