បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ប្រពៃណាស់ហើយ (ការប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ) ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ការប្រកបដោយសីលទាំងឡាយ ជាទីស្រឡាញ់របស់អរិយៈ ជាសីលមិនដាច់។ បេ។ ជាសីលប្រព្រឹត្តទៅ ដើម្បីសមាធិ។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ពួកសត្វនេះ ហេតុតែប្រកបដោយសីលទាំងឡាយ ជាទីស្រឡាញ់របស់អរិយៈ យ៉ាងនេះ ទើបបានជាសោតោបន្នបុគ្គល មានសភាពមិនធ្លាក់ចុះ ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ។
ចប់ រាជការាមវគ្គ ទី២។
ឧទាននៃរាជការាមវគ្គនោះគឺ
ពោលអំពីភិក្ខុនីមួយពាន់រូប ១ អំពីព្រាហ្មណ៍ ១ អំពីព្រះសារីបុត្ត និងព្រះអានន្ទ ១ អំពីទុគ្គតិ និងសុគតិ មាន២លើក អំពីមិត្រ និងអមាត្រ ជាដើម មាន២លើក អំពីការត្រេចទៅកាន់ចារិក ក្នុងទេវលោក មាន៣លើក។